Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ញើសដែលជាឈាម

THE BLOODY SWEAT
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ៦ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 6, 2016

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។


មេរៀននេះសំអាងលើសេចក្ដីអធិប្បាយដ៏ល្បីចំនួន២របស់លោក ស៊ី អេស ស្ពឺជិន «ការស្រែកថ្ងូរ នៅក្នុងសួនច្បារ»(តុលា ១៨ ១៨៧៤) និង «គែតសេម៉ាណី»(កុម្ភះ ៨ ១៨៦៣)។ ខ្ញុំនឹងសង្ខេបប្រាប់ បងប្អូនពីស្នាដៃឯកនៃសេចក្ដីអធិប្បាយចំនួន២ដោយគ្រូអធិប្បាយដែលល្បីល្បាញបំផុត។ វាមិនមែនចេញ ពីច្បាប់ដើមនោះទេ។ ខ្ញុំបានព្យាយាមធ្វើឲ្យសេចក្ដីអធិប្បាយទាំងនេះងាយស្រួលសម្រាប់មនុស្សនៅសម័យនេះដែលរៀនបានតិចតួច។ គោលគំនិតទាំងនេះត្រូវបានប្រមូលចេញពីសេចក្ដីអធិប្បាយរបស់គ្រូអធិប្បាយ ល្បីៗ ហើយខ្ញុំនឹងបង្ហាញប្រាប់បងប្អូនដោយសង្ឃឹមថា និមិត្ដរូបរបស់ព្រះគ្រិស្ដនៅក្នុងសួនច្បារគែតសែម៉ា ណីរបស់លោកស្ពឺជិននឹងកញ្ជក់យកព្រលឹងរបស់អ្នក ហើយផ្លាស់ប្ដូរជោគវាសនាដ៏អស់កល្បរបស់អ្នក។

ព្រះយេស៊ូវទ្រង់បានសោយបុណ្យរំលង ហើយធ្វើពិធីលាងព្រះអម្ចាស់ជាមួយសិស្សរបស់ទ្រង់។ ក្រោយមក ទ្រង់បានចេញទៅឯសួនច្បារគែតសេម៉ាណីជាមួយពួកគេ។ ហេតុអ្វីបានជាទ្រង់ជ្រើសរើសសួន ច្បារគែតសេម៉ាណីដើម្បីចាប់ផ្ដើមការស្រែកថ្ងូររបស់ទ្រង់? តើនោះគឺដោយសារតែអំពើបាបរបស់លោក អ័ដាមបានបំផ្លាញយើងនៅក្នុងសួនច្បារអែដែន ដូច្នេះហើយទើបអ័ដាមចុងក្រោយបង្អស់បានជួយកែយើង ឡើងវិញនៅក្នុងសួនច្បារគែតសេម៉ាណីឬអី?

ជារឿយៗ ព្រះគ្រិស្ដបានយាងទៅអធិស្ឋាននៅឯសួនច្បារគែតសេម៉ាណី។ វាជាកន្លែងដែលទ្រង់ បានយាងទៅជាច្រើនកាលពីមុន។ ព្រះយេស៊ូវចង់ឲ្យយើងដឹងថា អំពើបាបរបស់យើងបានផ្លាស់ប្ដូរគ្រប់ទាំង អស់អំពីទ្រង់ទៅជាទុក្ខព្រួយ។ ទីកន្លែងដែលទ្រង់ចូលចិត្ដបំផុតបានក្លាយជាទីកន្លែងដែលទ្រង់ត្រូវបានហៅ ឲ្យរងទុក្ខវេទនាខ្លាំងបំផុត។

ឬក៏ទ្រង់បានជ្រើសរើសយកសួនច្បារគែតសេម៉ាណី ដោយសារតែវារំលឹកទ្រង់ពីពេលអតីតកាល កាលទ្រង់បានអធិស្ឋាន។ វាជាទីកន្លែងដែលព្រះវរបិតាបានឆ្លើយតបទ្រង់ជារឿយៗ។ កាលទ្រង់បានចាប់ផ្ដើមស្រែកថ្ងូរ ប្រហែលជាទ្រង់បានមានអារម្មណ៍ថា ទ្រង់ត្រូវតែនឹកចាំពីការឆ្លើយតបរបស់ព្រះវរបិតា ដើម្បីឲ្យវាអាចជួយទ្រង់បាននៅពេលឥឡូវនេះ ។

ប្រហែលជាមូលហេតុដ៏ធំដែលទ្រង់បានយាងចូលទៅក្នុងសួនច្បារគែតសេម៉ាណី ដើម្បីអធិស្ឋាន នោះជាចម្លាប់របស់ទ្រង់ ហើយមនុស្សទាំងអស់ដឹងពីរឿងនោះ។ គម្ពីរយ៉ូហានប្រាប់យើងថា «ឯយូដាស ដែលជាអ្នកបញ្ជូនទ្រង់ ក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវ និងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ»(យ៉ូហាន ១៨:២)។ ព្រះយេស៊ូវបានរៀបចំគម្រោងដើម្បីទៅកន្លែងដែលទ្រង់បានជ្រាបរួចមក ហើយថា ពួកគេនឹងចាប់ទ្រង់។ នៅពេលពេលវេលាដែលគេក្បត់ទ្រង់បានមកដល់ ទ្រង់ « គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់»(អេសាយ ៥៣:៧)។ ទ្រង់មិនបានពួនខ្លួនពីពួកទាហានរបស់សម្ដេចសង្ឃនោះ ទេ។ ទ្រង់មិនត្រូវបានគេដេញចាប់ដូចជាចោរម្នាក់ ឬត្រូវអ្នកស៊ើបអង្កេតស្វែងរកនោះទេ។ ទ្រង់បានស្ម័គ្រ ព្រះទ័យយាងទៅដែលជនក្បត់អាចរកឃើញទ្រង់ ហើយខ្មាំងសត្រូវទ្រង់អាចចាប់ទ្រង់ដោយងាយស្រួល។

ឥឡូវនេះយើងមករៀនពីសួនច្បារគែតសេម៉ាណី។ នោះយប់នោះវាងងឹតសូន្យឈឹង ហើយគួរឲ្យ ខ្លាច។ ពិតណាស់ យើងអាចនិយាយដូចលោកយ៉ាកុប « ទីកន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់»(លោកុប្បត្ដិ ២៨:១៧)។ ចូរសញ្ជឹងគិតអំពីគែតសេម៉ាណី យើងនឹងគិតអំពីការស្រែកស្ងូររបស់ព្រះគ្រិស្ដ ហើយខ្ញុំនឹង ព្យាយាមឆ្លើយនូវសំណួរទាំង៣អំពីភាពតប់ប្រមល់របស់ទ្រង់នៅក្នុងសួនច្បារនោះ។

១. ទីមួយ តើអ្វីទៅដែលបណ្ដាលឲ្យគ្រិស្ដរងការឈឺចុកចាប់ ហើយកើតទុក្ខនៅក្នុងសួនច្បារគែតសេម៉ាណី?

ព្រះគម្ពីរប្រាប់យើងថា ព្រះយេស៊ូវជា « មនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់» (អេសាយ ៥៣:៣) តែទ្រង់មិនមានបុគ្គលិកលក្ខណះដែលក្រៀមក្រំនោះទេ។ ទ្រង់មានសេចក្ដីសុខសាន្ដ នៅក្នុងរូបអង្គទ្រង់ ដ្បិតទ្រង់អាចមានបន្ទូលបានថា «ខ្ញុំឲ្យសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា»(យ៉ូហាន ១៤:២៧)។ ខ្ញុំមិនគិតថា ខ្ញុំធ្វើខុសនោះទេ នៅពេលខ្ញុំនិយាយថា ព្រះយេស៊ូវជាមនុស្សដែលសប្បាយ ហើយមានសេចក្ដីសុខ។

តែនៅក្នុងគែតសេម៉ាណីនោះដែលគ្រប់ទាំងអស់បានផ្លាស់ប្ដូរ។ សេចក្ដីសុខរបស់ទ្រង់បានបាត់ ទៅ សេចក្ដីអំណររបស់ទ្រង់បានប្រែទៅជាទុក្ខព្រួយ។ ទ្រង់បានយាងចុះតាមជាយភ្នំដែលដឹកនាំចេញពី ទីក្រុងយេរ៉ូសាឡិម ឆ្លងកាត់ជ្រោកេដ្រុនឆ្ពោះទៅឯគែតសេម៉ាណី នៅពេលនោះព្រះអង្គសង្រ្គោះបាន អធិស្ឋាន ហើយមានបន្ទូលដោយអរសប្បាយ(យ៉ូហាន ១៥-១៧)។

« កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយ នោះទ្រង់យាងទៅខាងនាយជ្រោះកេដ្រុន បាននាំទាំងពួកសិស្សទៅផង ហើយទ្រង់ និងពួកសិស្សក៏ចូលទៅក្នុងច្បារ១ដែលនៅទីនោះ»(យ៉ូហាន ១៨:១)។

ព្រះយេស៊ូវកម្រមានបន្ទូលអំពីអារម្មណ៍ដែលកើតទុក្ខ ឬក្រៀមក្រំណាស់នៅអំឡុងពេលនៃឆាក ជីវិតរបស់ទ្រង់។ តែឥឡូវនេះ ពេលទ្រង់យាងចូលក្នុងសួនច្បារនោះ គ្រប់ទាំងអស់ត្រូវបានផ្លាស់ប្ដូរ។ ទ្រង់ ស្រែកឡើងថា «បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ»(ម៉ាថាយ ២៦:៣៩)។ នៅក្នុងមួយឆាកជីវិតរបស់ទ្រង់ ព្រះយេស៊ូវកម្របង្ហាពីការកើតទុក្ខ ឬការក្រៀមក្រំចិត្ដណាស់ តែនៅកន្លែង ទ្រង់អស់កម្លាំង ចេញញើសដូចឈាម ហើយមានបន្ទូលថា «ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់»(ម៉ាថាយ ២៦:៣៨)។ តើព្រះអម្ចាស់យេស៊ូវកើតមានបញ្ហាអ្វី បានជាទ្រង់ព្រួយព្រះទ័យខ្លាំងដល់ម្ល៉េះ?

វាច្បាស់ណាស់ថា ទុក្ខព្រួយនិងការថប់ប្រមល់នេះមិនមែនដោយសារការឈឺចាប់ខាងឯរូបកាយរបស់ទ្រង់នោះទេ។ ព្រះយេស៊ូវមិនដែលត្អូញត្អែរចំពោះបញ្ហាខាងឯរូបកាយឡើយកាលពីមុន។ ទ្រង់បានកើតទុក្ខនៅពេលមិត្ដសំឡាញ់របស់ទ្រង់ឡាសារបានស្លាប់។ ទ្រង់មិនបានកើតទុក្ខទាល់តែសោះ នៅពេល សត្រូវរបស់ទ្រង់បាននិយាយថា ទ្រង់ជាអ្នកប្រមឹកស្រា ហើយនៅពេលពួកគេចោទប្រកាន់ថា ទ្រង់ដេញ អារក្សដោយសារអំណាចរបស់អារក្សសាតាំង។ តែទ្រង់មានព្រះទ័យក្លាហានពេលទ្រង់ឆ្លងកាត់រឿងទាំង អស់នោះ។ វានៅខាងក្រោយទ្រង់។ វាត្រូវតែមានរឿងខ្លះដែលមុតជាងការឈឺចាប់ វាមុតជាងការតិះដៀល វាអាក្រក់អាក្រីជាងការដែលមិត្ដសំឡាញ់បានស្លាប់ ដែលនៅពេលឥឡូវនេះវាបានកាន់ក្ដាប់ព្រះអង្គសង្រ្គោះ ហើយបានធ្វើឲ្យទ្រង់ «តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង»(ម៉ាថាយ ២៦:៣៧)។

តើអ្នកគិតថា វាជាការភ័យខ្លាចនៃសេចក្ដីស្លាប់ និងការញញើតនៃការជាប់ឆ្កាងឬអី? មានទុក្ករបុគ្គលជាច្រើននាក់បានស្លាប់យ៉ាងក្លាហានសម្រាប់ជំនឿរបស់ពួកគេ។ វាមិនមែនថ្វាយព្រះកិត្ដិយសនោះ ដើម្បីគិតថា ទ្រង់មានភាពក្លាហានតិចជាងពួកគេនោះទេ។ យើងមិនត្រូវគិតពីចៅហ្វាយរបស់យើងទាបជាងទុក្ករបុគ្គលដែលដើរតាមទ្រង់រហូតដល់ស្លាប់នោះទេ។ ព្រះគម្ពីរក៏ប្រាប់ផងដែរថា «ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ...»(ហេព្រើរ ១២:២)។ គ្មានអ្នកណាអាចពុះពាររងការឈឺចាប់នៃ ការស្លាប់ប្រសើរជាងព្រះយេស៊ូវ។ ការនេះមិនអាចជាមូលហេតុសម្រាប់ការថ្ងូររបស់ទ្រង់នៅក្នុងសួនច្បារ នោះទេបានឡើយ។

ខ្ញុំក៏មិនជឿផងដែរថា ការថ្ងូរនៅក្នុងសួនច្បារនោះត្រូវបានបណ្ដាលមកពីការវាយប្រហារបែបមិន ធម្មតារបស់សាតាំង។ នៅពេលទ្រង់ចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ដើមដំបូង ព្រះគ្រិស្ដបានឆ្លងកាត់ទំនាស់ដ៏ធំ មួយជាមួយអារក្ស កាលទ្រង់នៅក្នុងទីរហោស្ថាន។ តែយើងមិនឃើញថា ព្រះយេស៊ូវ «បានថ្ងូរ»នៅទីនោះ។ ក្នុងទីរហោស្ថានសេចក្ដីល្បួងមិនមានភាពដូចជាការចេញញើសដូចជាឈាម នៅក្នុងគែតសេម៉ាណីទាល់តែសោះ។ នៅពេលទេវតារបស់ព្រះអម្ចាស់បានឈរទល់មុខសាតាំង ទ្រង់មិនបានស្រែកខ្លាំង ហើយស្រក់ទឹក នេត្រា ហើយផ្កាប់មុខទូលអង្វរទៅព្រះវរបិតានោះទេ។ បើយើងប្រៀបធៀបពីរឿងនេះ នោះទំនាស់របស់ ព្រះគ្រិស្ដជាមួយអារក្សសាតាំងមានភាពងាយស្រួលជាង។ តែការថ្ងូរនៅក្នុងគែតសេម៉ាណីនេះបាននាំឲ្យ ព្រលឹងរបស់ទ្រង់រងរបួសយ៉ាងខ្លាំង ហើយទ្រង់ជិតសុគត។

អញ្ចឹង តើការអ្វីនាំឲ្យទ្រង់ថ្ងូរ? នេះគឺជាពេលដែលព្រះវរបិតាដាក់ទ្រង់ឲ្យកើតទុក្ខសម្រាប់យើង។ នៅពេលនេះ ព្រះយេស៊ូវត្រូវតែទទួលយកពែងពីព្រះហស្ដរបស់ព្រះវរបិតា។ ទ្រង់បានញញើត ដូច្នេះហើយ អ្នកអាចដឹងច្បាស់ថា វាគួរឲ្យខ្លាចជាងការឈឺចាប់ខាងឯរូបកាយ ចាបតាំងពីពេលនោះមក ទ្រង់មិនបាន ភ័យខ្លាចនោះទេ។ វាអាក្រក់ជាងពេលដែលមនុស្សខឹងនឹងទ្រង់ ដ្បិតចាប់តាំងពីពេលនោះមក ទ្រង់មិនបាន បែរទៅម្ខាងនោះទេ។ វាជាគួរឲ្យញញើតជាងការល្បួងរបស់អារក្ស ដ្បិតទ្រង់បានយកឈ្នះ។ វាជារឿងខ្លះ ដែលអាក្រក់មិនអាចយល់បាន ហើយអាក្រក់ដ៏គួរឲ្យភ្ញាក់ផ្អើល ដ្បិតគឺជាព្រះវរបិតាដែលបានទម្លាក់លើទ្រង់។

ចំនុចនេះដោះនូវការងើយឆ្ងល់ទាំងអស់ទាក់ទងនឹងការអ្វីដែលនាំឲ្យទ្រង់ថ្ងូរ៖

ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់» (អេសាយ ៥៣:៦)។

ឥឡូវនេះ ទ្រង់ទ្រាំទ្រយកបណ្ដាសាដែលត្រូវធ្លាក់លើមនុស្សមានបាប។ ទ្រង់បានទ្រាំទ្រ ហើយបានរងទុក្ខជំនួសមនុស្សមានបាប។ នោះគឺជារឿងសំងាត់ក្នុងការថ្ងូរទាំងនោះ ដ្បិតខ្ញុំមិនអាចពន្យល់ទាំងស្រុងបាន ឡើយ។ គ្មានគំនិតមនុស្សណាម្នាក់ដែលអាចយល់ទាំងស្រុងពីការរងទុក្ខនេះ។

វាជាព្រះវរបិតា ព្រះវរបិតាតែ១គត់
ដែលខ្ញុំដឹងពីទុក្ខវេទនារបស់ពេញពី
   («ការរងទុក្ខដែលមិនអាចស្គាល់បាន»ដោយលោកយ៉ូសែប Hart, 1712-1768)។

កូនចៀមនៃព្រះបានផ្ទុកអំពើបាបរបស់មនុស្សនៅលើព្រះកាយទ្រង់ ហើយទំងន់នៃអំពើបាបរបស់យើងផ្ដេកលើព្រលឹងរបស់ទ្រង់។

« ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា» (១ពេត្រុស ២:២៤)។

ខ្ញុំជឿថា អំពើបាបរបស់យើងទាំងអស់ត្រូវបានដាក់នៅលើ «ព្រះកាយរបស់ទ្រង់»នៅឯគែតសេម៉ាណី ដ្បិតនៅកន្លែងនោះហើយដែលទ្រង់បានផ្ទុកអំពើបាបរបស់យើងជាប់លើឈើឆ្កាងនៅថ្ងៃខាងមុខ។

នៅក្នុងសួនច្បារ ព្រះគ្រិស្ដបានជ្រាបពេញទីថា ទ្រង់ត្រូវតែធ្វើជាអ្នកផ្ទុកអំពើបាបរបស់មនុស្ស។ ទ្រង់បានក្លាជាពពែជំនួស ដែលត្រូវផ្ទុកអំពើបាបរបស់ប្រទេសអ៊ីស្រាអែលដាក់លើព្រះសិររបស់ទ្រង់ ដើម្បី ឲ្យទ្រង់ធ្វើជាយញ្ញបូជាសម្រាប់អំពើបាប ដើម្បីឲ្យទ្រង់យកចេញទៅខាងក្រៅ ហើយឲ្យភ្លើងនៃសេចក្ដីក្រោធ របស់ព្រះវរបិតាត្រូវបំបាត់ចោល។ ឥឡូវនេះតើអ្នកដឹងពីមូលហេតុដែលព្រះគ្រិស្ដឈប់ភ័យពីបញ្ហានេះឬ ទេ? វាជារឿងដ៏គួរឲ្យភ័យខ្លាចសម្រាប់ឲ្យព្រះគ្រិស្ដឈរនៅមុខព្រះ ក្នុងតំណែងជំនួសមនុស្សមានបាប ដូចលោកលូសើរបាននិយាយថា ព្រះវរបិតាបានទតមកឃើញដូចជា ទ្រង់ដូចជាមនុស្សមានបាបទាំងអស់នៅក្នុងលោកីយនេះអញ្ចឹង។ ឥឡូវនេះទ្រង់ក្លាយជាចំនុចសម្រាប់បំផុតនៃការសងសឹកទាំងអស់ និងសេចក្ដី ក្រោធរបស់ព្រះ។ ទ្រង់ទ្រាំទ្រយកការជំនុំជំរះ ដែលគួរតែធ្លាក់លើមនុស្សមានបាប។ ចំពោះតំណែងនេះ ព្រះគ្រិស្ដត្រូវតែទទួលរងការអាក្រក់មែនទែន។

ដ្បិតទោសនៃអំពើបាបបានចាប់ផ្ដើមធ្លាក់ទ្រង់លើនៅក្នុងសួនច្បារនោះ។ មុនដំបូង អំពើបាបបាន ធ្លាក់លើទ្រង់ ហើយក្រោយមកទោសនៃអំពើបាប។ នោះមិនមែនជាយញ្ញបូជាតូចតាចនោះទេ ដើម្បីសង សេចក្ដីយុត្ដិធម៌របស់ព្រះវរបិតាជំនួសអំពើបាបរបស់មនុស្ស។ ខ្ញុំមិនដែលនិយាយពន្លើសពីអ្វីទ្រង់បានទ្រាំ ទ្រនោះទេ។ គ្រប់ទាំងអ្វីដែលអាក្រក់បំផុតទាំងអស់ត្រូវបានចាក់ទៅក្នុងពែងដែលទ្រង់បានផឹក។

ទុក្ខវេទនានោះបានវាយបំបាក់វិញ្ញាណរបស់ព្រះអង្គសង្រ្គោះ វាដូចជាមហាសមុទ្រដ៏ធំ ហើយវាស់ មិនបាន ពីការថប់បារម្ភដែលបោចកំទេចលើព្រលឹងរបស់ព្រះអង្គសង្រ្គោះនៅក្នុងការសុគតដែលជាយញ្ញ បូជាជំនួសរបស់ទ្រង់ វាមិនអាចយល់បានឡើយ ខ្ញុំមិនត្រូវខំពន្យល់ច្រើនជាងនេះទៀតនោះទេ បើមិនដូច្នេះ នរណាម្នាក់នឹងចោទប្រកាន់ខ្ញុំពីការខំប្រឹងព្យាយាមពីអ្វីដែលមិនអាចពន្យល់បាន។ តែត្រង់ចំនុចខ្ញុំប្រាប់ថា ជម្រៅនៃអំពើបាបរបស់មនុស្សដ៏ធំក្រៃលែង វាបានធ្លាក់លើព្រះគ្រិស្ដ ហើយបានជ្រមុជនៅក្នុងញើសដែល ដូចជាឈាមរបស់ទ្រង់។ ទោះបីជាទ្រង់មិនដែលធ្វើបានក៏ដោយ ទ្រង់ត្រូវបានប្រព្រឹត្ដដាក់ដូចជាមនុស្សមានបាបម្នាក់ ទ្រង់ត្រូវបានដាក់ទណ្ឌកម្មដូចជាមនុស្សមានបាបម្នាក់ ហើយការនេះហើយដែលវានាំឲ្យទ្រង់ ថ្ងូរដូចអត្ថបទគម្ពីរបស់យើងប្រាប់។

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។

ឥឡូវនេះយើងមកដល់សំណួរបន្ទាប់។

២. ទីពីរ តើអ្វីទៅជាអត្ថន័យនៃញើសដែលដូចជាឈាមរបស់ព្រះគ្រិស្ដ?

លោកអេលីខូតប្រាប់យើងថា ភាពពិតនៃការចេញញើសគឺជា «គំនិតទូទៅដែលត្រូវបានទទួល» (Charles John Ellicott, Commentary on the Whole Bible, volume VI, p. 351)។ គាត់បន្ដ ពន្យល់ថា «ពាក្យ “ញើសដូចឈាម” {ត្រូវ}បានកត់សំគាល់ទុកដូចជារោគសញ្ញានៃការអស់កម្លាំងជាខ្លាំង នៅក្នុងអារិស្ដគ្គល»(ibid.)។ ចាប់តាំងពីលោកអោហ្គើស្ទីនរហូតដល់សព្វថ្ងៃនេះ អ្នកអត្ថាធិប្បាយពន្យល់ ភាគច្រើនបានជឿថា ពាក្យ «ដូចជា» បង្ហាញថា វាជាឈាមពិតប្រាកដ។ យើងក៏ជឿផងដែរថា ព្រះគ្រិស្ដ បានចេញញើសជាឈាមជាឈាមពិតប្រាកដមែន។ ទោះបីជានេះជាអ្វីដែលប្លែកពីធម្មតាក៏ដោយ នៅ សម័យផ្សេងក្នុងប្រវត្ដិសាស្រ្ដក៏គេបានធ្វើបន្ទាល់ដូចនេះដែរ។ នៅក្នុងសៀវភៅពេទ្យរបស់លោកហ្គែឡឹន និងសៀវភៅពេទ្យមួយចំនួនថ្មីៗនេះ គេប្រាប់ថា មនុស្សដែលខ្សោយរយៈពេលយូរ គេបានចេញញើសជា ឈាម។

តែនៅករណីដែលព្រះគ្រិស្ដបានចេញញើសជាឈាម វាមានតែ១គត់។ ទ្រង់មិនត្រឹមតែចេញ ញើសជាឈាមតែប៉ុណ្ណោះ តែវាជាដំណក់ឈាម ឬក៏ «ដុំញើស»ធំ ដំណាក់ធំៗ។ យើងមិនដែលឃញដូច នេះនោះទេ។ ឈាមខ្លះបានឃើញនៅក្នុងញើសរបស់អ្នកជំងឺមែន តែមិនដែលមានដំណក់ធំៗនោះទេ។ ដ្បិតព្រះគម្ពីរប្រាប់ថា ដំណាក់ឈាមទាំងនេះមិនបានហូរជ្រាបលើព្រះពស្ដ្ររបស់ទ្រង់នោះទេ តែវា «ជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»។ នៅកន្លែងនេះព្រះគ្រិស្ដបានទ្រាំតែ១អង្គទ្រង់គត់នៅក្នុងប្រវត្ដិសាស្រ្ដ ខាងពេទ្យ។ ទ្រង់មានសុខភាពល្អ ទ្រង់មានព្រះជន្មប្រហែល៣៣ឆ្នាំ។ តែសំពាធខាងសតិបញ្ញាបានកើត ឡើងដោយសារទំងន់នៃបន្ទុករបស់ទ្រង់ខាងអំពើបាប វាសង្កត់លើកម្លាំងទាំងអស់របស់ទ្រង់ ដូច្នេះវាបង្ខំឲ្យ ព្រះកាយទ្រង់ត្រលប់ជាការរំជួលមិនតាមធម្មតា រន្ធញើសបានបើក ហើយដំណក់ឈាមរបស់ទ្រង់បាន ស្រក់ទៅលើដី។ កន្លែងនេះបង្ហាញថា ទំងន់នៃអំពើបាបដែលត្រូវបានធ្លាក់លើទ្រង់។ វាបានសង្កត់លើព្រះ អង្គសង្រ្គោះជាខ្លាំង រហូតដល់ទ្រង់បានហូរឈាមចេញពីស្បែក។

កន្លែងនេះប្រាប់ពីការស្ម័គ្រព្រះទ័យដែលព្រះគ្រិស្ដបានទទួលការរងទុក្ខទាំងបង្ហូរឈាម ដោយមិនចាំបាច់ប្រើកាំបិតនោះទេ។ វេជ្ជបណ្ឌិតខាងពេទ្យប្រាប់យើងថា នៅពេលមនុស្សភាគច្រើនរងទុក្ខពីការភ័យ តក់ស្លុតជាខ្លាំង ឈាមគេបុកទៅបេះដូង។ ថ្ពាល់គេស្លាំង គេចាប់ផ្ដើមសន្លប់ ហើយឈាមបានចូលទៅខាង ក្នុង។ តែសូមមើលព្រះអង្គសង្រ្គោះរបស់យើងកាលទ្រង់ថ្ងូរ។ ទ្រង់តក់ស្លុតខ្លាំងដល់ម្ល៉េះ បានជាឈាមទ្រង់ហូរចេញទៅខាងក្រៅធ្លាក់ទៅដល់ដី ជំនួសឲ្យឈាមបុកចូលទៅខាងក្នុងដើម្បីផ្គត់ផ្គង់ទ្រង់។ ការចាក់ បង្ហូរព្រះលោហិតរបស់ទ្រង់នៅលើផែនដីនេះជានិមិត្ដរូបពីសេចក្ដីសង្រ្គោះដ៏ពេញលេញ ដែលទ្រង់បានផ្ដល់ ឲ្យអ្នកដោយឥតគិតថ្លៃ។ ពេលព្រះលោហិតបានហូរចេញពីស្បែករបស់ទ្រង់ ដូច្នេះទើបអ្នកអាចត្រូវលាងសំអាតពីអំពើបាបដោយឥតគិតថ្លៃ នៅពេលណាដែលអ្នកជឿទុកចិត្ដលើព្រះយេស៊ូវ។

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។

ការចេញញើសជាឈាមជាលទ្ធផលនៃការកើតទុក្ខខាងឯព្រលឹងរបស់ទ្រង់។ ការឈឺចាប់នៅក្នុង ចិត្ដគឺជាការឈឺចាប់ដែលអាក្រក់បំផុត។ ការកើតទុក្ខ និងការពិបាកចិត្ដគឺជាការព្រួយងងឹតបំផុត។ អស់អ្នក ណាដែលធ្លាប់ពិបាកចិត្ដជាខ្លាំង គេអាចដឹងថា នេះជារឿងពិត។ នៅក្នុងម៉ាថាយ យើងឃើញថា ទ្រង់ «តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង»(ម៉ាថាយ ២៦:៣៧)។ ពាក្យ «តប់ប្រមល់ជាខ្លាំង» បង្ហាញពីអត្ថន័យពេញលេញ។ វារៀបរាប់ពីគំនិតមួយដែលទទួលរងភាពកើតទុក្ខជាខ្លាំង ចំពោះការ បដិសេធពីគំនិតផ្សេងៗទាំងអស់។ ក្នុងនាមជាអ្នកផ្ទុកអំពើបាបជំនួសយើង មុខតំណែងរបស់ទ្រង់ខុសពី មនុស្សផ្សេងៗទៀត។ ទ្រង់ត្រូវបានបោះទៅវិញទៅមកលើសមុទ្រដ៏ធំចំពោះបញ្ហាខាងសតិបញ្ញា។ «យើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា»(អេសាយ ៥៣:៤)។ « ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង»(អេសាយ ៥៣:១១)។ ព្រះទ័យរបស់ទ្រង់បានធ្វើឲ្យទ្រង់បរាជ័យ។ ទ្រង់បានពេញដោយការតក់ស្លុត និងការរន្ធត់។ ទ្រង់បាន «តប់ប្រមល់ជាខ្លាំង»។ លោកថូម៉ាស់ ហ្គូនវីនដ៏ជាអ្នកមានវិជ្ជាជ្រៅជ្រះបានប្រសាសន៍ថា «ពាក្យ នោះចង្អុលបង្ហាញពីពាក្យ បរាជ័យ ការអន់ថយ និងការលិចលង់ខាងវិញ្ញាណ ដូចជាកើតឡើងចំពោះ មនុស្សដែលមានជំងឺ ហើយមានខ្យល់ចាប់»។ ជំងឺរបស់លោកEpaphroditus ដែលនាំគាត់ជិតស្លាប់ត្រូវ បានហៅដោយប្រើពាក្យដូចគ្នាដែរ។ ដូច្នេះយើងឃើញថា ព្រលឹងរបស់ព្រះគ្រិស្ដបានឈឺ ហើយល្វើយ។ ញើសរបស់ទ្រង់បាននាំឲ្យទ្រង់ល្វើយ។ ញើសដ៏ត្រជាក់នៃមនុស្សដែលជិតស្លាប់កើតមានតាមរយៈភាពចុះ ខ្សោយខាងរូបកាយរបស់គេ។ តែការចេញញើសជាឈាមរបស់ព្រះយេស៊ូវបានចេញពីការសុគតខាងប៉ែក ខាងក្នុងព្រលឹងរបស់ទ្រង់ ដោយព្រោះស្ថិតនៅក្រោមទំងន់នៃអំពើបាបរបស់យើង។ ទ្រង់បានល្វើយខាង ព្រលឹង ហើយបានរងទុក្ខការសុគតប៉ែកខាងក្នុង វាជាប់ទាក់ទងការរងទុក្ខខាងឯការហូរឈាមចេញពីព្រះ កាយទាំងស្រុងរបស់ទ្រង់។ ទ្រង់បាន «តប់ប្រមល់ជាខ្លាំង»។

គម្ពីរដំណឹងល្អម៉ាកុសប្រាប់យើងថា ទ្រង់ «មានព្រះហឫទ័យភាំងជាខ្លាំង »(ម៉ាកុស ១៤:៣៣)។ ពាក្យនោះតាមភាសាក្រេកមានន័យថា ការភាំងព្រះទ័យរបស់ទ្រង់បានបង្កើតឲ្យមានការតក់ស្លុតជាខ្លាំង ដូចជាមនុស្សមាន នៅពេលសក់គេបះឡើងលើ ហើយសាច់ឈាមគេភ័យញ័រ។ ការយកក្រឹត្យវិន័យបានធ្វើ ឲ្យលោកម៉ូសេភ័យញ័រ ដូច្នេះព្រះអម្ចាស់របស់យើងបានភ័យជាខ្លាំងនៅពេលទ្រង់ទតឃើញថា អំពើបាបត្រូវ បានធ្លាក់លើរូបអង្គទ្រង់។

មុនដំបូងព្រះអង្គសង្រ្គោះបានកើតទុក្ខ ក្រោយមកតប់ប្រមល់ជាខ្លាំង ហើយនៅចុងក្រោយ ទ្រង់ «មានព្រះហឫទ័យភាំងជាខ្លាំង »។ ទ្រង់បានពេញទៅដោយការភាំងញ័រជាខ្លាំង។ ការពិតនៅពេលវាដល់ ពេលទ្រង់ត្រូវផ្ទុកអំពើបាបរបស់យើង នោះទ្រង់បានតប់ប្រមល់ជាខ្លាំង ហើយស្រឡាំងកាំងដើម្បីឈរជំនួស មនុស្សមានបាបនៅចំពោះព្រះវរបិតា។ ទ្រង់ភាំងដើម្បីឲ្យព្រះវរបិតាទតមកកាន់ទ្រង់ក្នុងនាមជាអ្នកតំណាង ជំនួសមនុស្សមានបាប។ ទ្រង់បានភាំងដោយព្រោះទ្រង់បានគិតពីការបោះបង់ចោលរបស់ព្រះវរបិតា។ វានាំ ឲ្យនិស្ស័យដ៏បរិសុទ្ធ ទន់ ពេញដោយសេចក្ដីស្រឡាញ់របស់ទ្រង់ភ័យញ័រជាខ្លាំង ថែមទាំងធ្វើឲ្យទ្រង់ «មានព្រះហឫទ័យភាំងជាខ្លាំង » ហើយ«តប់ប្រមល់ជាខ្លាំង»។

កាលពីមុនព្រះគម្ពីរប្រាប់យើងថា ទ្រង់មានបន្ទូលថា «ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់» (ម៉ាថាយ ២៦:៣៨)។ ភាសាក្រេកជាពាក្យ «ផេរីឡូផូស» វាមានន័យថា ប្រភេទនៃទុកព្រួយផ្សេងៗ។ តាមការរងទុក្ខបែបធម្មតា ជាទូទៅវាមានប្រហោងនៃការរត់គេច ហើយមានកន្លែងដកដង្ហើមខ្លះដែលជាទី សង្ឃឹម។ ជាទូទៅ យើងអាចរំលឹកពីរឿងទាំងនោះក្នុងករណីជួបបញ្ហាដែលអាក្រក់បំផុត។ តែក្នុងករណី របស់ព្រះយេស៊ូវ វាអាក្រក់មិនអាចគិតស្រមៃបានឡើយ ដ្បិតទ្រង់អាចមានបន្ទូលជាមួយដាវីឌថា «សេចក្ដី ឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់បានចាប់ខ្ញុំ»(ទំនុកតម្កើង ១១៦:៣)។ អារម្មណ៍ភ័យខ្លាចទាំងអស់ របស់ទ្រង់បានឆ្លងកាត់ទ្រង់។ វាកើតឡើងលើទ្រង់ ក្រោមទ្រង់ ជុំវិញទ្រង់ ក្រៅទ្រង់ ក្នុងទ្រង់ ទ្រង់មានការ តាន់តឹងគ្រប់ទាំងអស់ ហើយទ្រង់មិនអាចរត់គេចពីការឈឺចាប់ និងការព្រួយចិត្ដបានឡើយ។ គ្មានអ្នក ណាធ្លាប់ឆ្លងកាត់ការឈឺចាប់ដូចព្រះគ្រិស្ដឡើយ ដ្បិតទ្រង់មានបន្ទូលថា «ចិត្តខ្ញុំព្រួយពន់ពេក» ការព្រួយចិត្ដបានព័ទ្ធជុំវិញទ្រង់ «ស្ទើរតែនឹងស្លាប់»។

ទ្រង់មិនបានសុគតនៅក្នុងសួនច្បារគែតសេម៉ាណីនោះទេ តែទ្រង់បានរងទុក្ខខ្លាំងមែនទែនដូចជា ទ្រង់បានសុគតអញ្ចឹង។ ការឈឺចាប់ និងការតាន់តឹងបាននាំឲ្យទ្រង់ជិតសុគត បន្ទាប់វាបានផ្អាក។

ខ្ញុំមិនភ្ញាក់ផ្អើលនោះទេ ចំពោះសំពាធនៅខាងក្នុងបាននាំឲ្យញើសរបស់ព្រះអម្ចាស់យើងត្រលប់ ដូចជាដំណក់ឈាមធំៗ។ ខ្ញូំអាចយល់ពីរឿងនេះច្បាស់ដូចជាខ្ញុំអាចយល់ពីគំនិតរបស់មនុស្សម្នាក់។

វាជាព្រះវរបិតា ព្រះវរបិតាតែ១គត់
ដែលខ្ញុំដឹងពីទុក្ខវេទនារបស់ពេញពី

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

៣. ទីបី ហេតុអ្វីបានជាព្រះគ្រិស្ដបានឆ្លងកាត់រឿងទាំងអស់នេះ?

ខ្ញុំដឹងច្បាស់ថា មនុស្សជាច្រើនឆ្ងល់ពីមូលហេតុដែលព្រះគ្រិស្ដបានឆ្លងកាត់ការថ្ងូរ និងការចេញ ដូចជាដំណក់ឈាម។ ពួកគេអាចនិយាយថា «ខ្ញុំដឹងថា ទ្រង់បានឆ្លងកាត់ការទាំងអស់នោះ តែខ្ញុំមិនយល់ពី មូលហេតុ ដែលទ្រង់ត្រូវតែឆ្លងកាត់នោះទេ»។ ខ្ញុំនឹងប្រាប់ពីមូលហេតុចំនួន៦ដែលព្រះយេស៊ូវត្រូវតែឆ្លង កាត់បទពិសោធន៍នេះនៅក្នុងសួនច្បារគែតសេម៉ាណី។

1. ទីមួយគឺដើម្បីបង្ហាញយើងថា ទ្រង់ជាមនុស្សពិតប្រាកដមែន។ កុំគ្រាន់តែគិត ថាទ្រង់ជាព្រះតែប៉ុណ្ណោះ តាមរយៈទ្រង់បានអះអាងថាទ្រង់ជាព្រះ តែអ្នក មានអារម្មណ៍ថា ទ្រង់ជាញាតិសន្ដានជិតស្និតរបស់អ្នក ទ្រង់មានឆ្អឹងដូចអ្នក ទ្រង់មានសាច់ឈាមដូចអ្នក។ តើទ្រង់អាចមានព្រះទ័យដល់អ្នកតាមរបៀប ណា! ទ្រង់បានទទួលបន្ទុករបស់អ្នកទាំងអស់ ហើយទ្រង់បានឈឺចាប់ជា មួយអ្នកចំពោះការឈឺចាប់របស់អ្នកទាំងអស់។ គ្មានអ្វីសោះដែលកើតឡើង ចំពោះអ្នក ដែលទ្រង់មិនយល់។ នោះគឺជាមូលហេតុដែលទ្រង់អាចទ្រអ្នក ឲ្យរួចពីសេចក្ដីល្បួងរបស់អ្នក។ សូមយកព្រះយេស៊ូវទុកជាមិត្ដសំឡាញ់របស់ អ្នក។ ទ្រង់នឹងប្រទានការកំសាន្ដចិត្ដដល់អ្នក ដែលវានាំទ្រឲ្យឆ្លងកាត់គ្រប់ បញ្ហាទាំងអស់នៅក្នុងជីវិតរបស់អ្នក។

2. ទីពីរដើម្បីបង្ហាញយើងពីគំរូ។ សាវ័កពេត្រុសបានប្រាប់ថា «ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ » (១ពេត្រុស ២:២១)។ ខ្ញុំមិនយល់ស្របទាំងស្រុងជាមួយគ្រូអធិប្បាយណា ដែលបង្រៀនថា ជីវិតជាគ្រិស្ទាននឹងស្រួលរហូត! សាវ័កប៉ុលប្រាប់ថា «ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ»(២ធីម៉ូថេ ៣:១២)។ គាត់បានប្រាប់ថា «ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ»(២ធីម៉ូថេ ២:៣)។ ប៉ុលបានប្រាប់ពាក្យទាំងអស់នោះទៅកាន់គ្រូអធិប្បាយវ័យក្មេងម្នាក់។ ព័ន្ធកិច្ចបម្រើគឺជាការងារដ៏ពិបាក។ មនុស្សភាគ ច្រើនមិនអាចធ្វើបានឡើយ។ យោងតាមលោកជោជ៏ ប៉ាណា សព្វថ្ងៃនេះ គ្រូគង្វាលចំនួន៣៥ ទៅ៤០ភាគរយចាកចេញពីព័ន្ធកិច្ចបម្រើព្រះ។ វាគឺជា ការត្រាស់ហៅដ៏ពិបាកបំផុតនៅក្នុងពិភពលោកនេះ។ គ្មានអ្នកណាអាចទ្រាំ ទ្រវាបានទេ លុះត្រាតែគេជាទាហានរបស់ព្រះគ្រិស្ដ! មិនត្រឹមតែគ្រូគង្វាលតែ ប៉ុណ្ណោះទេ តែគ្រីស្ទានល្អៗទាំងអស់ឆ្លងកាត់ការរងទុក្ខដើម្បីបម្រើព្រះ។ ព្រះ គម្ពីរប្រាប់ថា «ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។ ខ្ញុំគិតថា វាជាអ្វីដែលលោកយ៉ូហាន សាំងបាន បង្រៀន «គ្មានឈើឆ្កាង គ្មានមកុដ»។

3. ទីបី បទពិសោធន៍របស់ទ្រង់ក្នុងសួនច្បារនោះបង្ហាញពីភាពអាក្រក់នៃអំពើបាប។ អ្នកជាមនុស្សមានបាប ដែលព្រះយេស៊ូវគ្មានបាបសោះ។ មនុស្សមាន បាបអើយ អំពើបាបរបស់អ្នកត្រូវតែជាអ្វីដែលអាក្រក់ណាស់ ដើម្បីវានាំឲ្យ ព្រះគ្រិស្ដទទួលរងការឈឺចាប់ជាខ្លាំង។ ការទម្លាក់ទោសនៃអំពើបាបនាំឲ្យ ទ្រង់ចេញញើសដូចជាឈាម។

4. ទីបួន ពេលវេលាដែលទ្រង់បានរងទុក្ខនៅក្នុងសួនច្បារនោះបង្ហាញពីសេចក្ដី ស្រឡាញ់របស់ទ្រង់ចំពោះយើង។ ទ្រង់ទ្រាំទ្រការភ័យតក់ស្លុតកាលទ្រង់ត្រូវ ធ្វើជំនួសមនុស្សមានបាប។ យើងជំពាក់ទ្រង់គ្រប់អ្វីៗទាំងអស់សម្រាប់ការ ដែលទ្រង់បានរងទុក្ខជំនួសយើង និងដើម្បីលោះទោសអំពើបាបរបស់យើង។ យើងគួរតែស្រឡាញ់ទ្រង់ជាខ្លាំងសម្រាប់សេចក្ដីស្រឡាញ់ដ៏ធំធេង ដែលទ្រង់ ផ្ដល់សម្រាប់យើង។

5. ទីប្រាំ សូមមើលកាន់ព្រះយេស៊ូវនៅក្នុងសួនច្បារនោះ ហើយរៀនពីភាពអស្ចារ្យនៃការទទួលទណ្ឌកម្មជំនួសរបស់ទ្រង់។ យើងស្មោកគ្រោក ហើយ អាក្រក់យ៉ាងណាហ្ន៎នៅចំពោះព្រះនេត្រនៃព្រះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រឹមតែ សមនឹងត្រូវបោះទៅក្នុងឋាននរក។ ខ្ញុំភ្ញាក់ផ្អើលណាស់ កាលព្រះមិនបាន បោះខ្ញុំទៅទីនោះតាំងពីយូរមកហើយ។ តែខ្ញុំតែទៅឯគែតសេម៉ាណី ហើយ មើលទៅពួកអ្នកដែលនៅក្រោមដើមអូលីវនោះ ហើយខ្ញុំនឹងឃើញព្រះអង្គ សង្រ្គោះរបស់ខ្ញុំ។ បាទ ខ្ញុំឃើញទ្រង់កំពុងតែននៀលនៅលើដីក្នុងការទទួល ទណ្ឌកម្ម ហើយខ្ញុំលឺទ្រង់ស្រែកថ្ងូរ។ ខ្ញុំមើលកាន់ដីដែលនៅជុំវិញទ្រង់ ហើយ ខ្ញុំឃើញដីនោះមានពណ៌ក្រហមដោយសារព្រះលោហិតទ្រង់ នៅខណៈពេល ដែលព្រះភក្រ្ដទ្រង់ត្រូវបានប្រឡាក់ញើសជាឈាម។ ខ្ញុំសួរទ្រង់ថា «ព្រះអង្គ សង្រ្គោះអើយ តើកើតមានបញ្ហាអ្វី?» ខ្ញុំលឺទ្រង់ឆ្លើយតបថា «ខ្ញុំរងទុក្ខជំនួស អំពើបាបរបស់អ្នក»។ ហើយខ្ញុំយល់ដឹងថា ព្រះអាចអត់ទោសអំពើបាបរបស់ ខ្ញុំ តាមរយៈការដែលទ្រង់លះបង់ជំនួសខ្ញុំ។ ចូរមកឯព្រះយេស៊ូវហើយជឿលើ ទ្រង់ទៅ។ អំពើបាបរបស់អ្នកនឹងត្រូវអត់ទោសដោយសារព្រះលោហិតទ្រង់។

6. ទីប្រាំមួយ ចូរគិតពីការភ័យតក់ស្លុតនៃទណ្ឌកម្មដែលទ្រង់ធ្លាក់លើកអស់អ្នក ណាដែលបដិសេធព្រះលោហិតដែលបង្ហូរជំនួសរបស់ទ្រង់។ ចូរគិតថា បើ អ្នកបដិសេធទ្រង់ ថ្ងៃណាមួយអ្នកនឹងត្រូវឈរនៅមុខព្រះដ៏បរិសុទ្ធ ហើយ ទ្រង់នឹងជំនុំជំរះអំពើបាបរបស់អ្នក។ ខ្ញុំនឹងប្រាប់ដោយចេញពីការឈឺចាប់នៅក្នុងចិត្ដរបស់ខ្ញុំថា តើអ្វីនឹងកើតឡើងចំពោះអ្នក បើសិនជាអ្នកបដិសេធ ព្រះអង្គសង្រ្គោះ ដ៏ជាព្រះយេស៊ូវគ្រិស្ដ។ មិនមែននៅក្នុងសួនច្បារនោះទេ តែនៅលើគ្រែ អ្នកនឹងភ្ញាក់ផ្អើល ហើយពុះពារជិតស្លាប់។ អ្នកនឹងស្លាប់ទៅ ហើយព្រលឹងរបស់អ្នកនឹងត្រូវយកទៅជំនុំជំរះ ហើយបោះទៅក្នុងឋាននរក។ សូមឲ្យគែតសេម៉ាណីព្រមានអ្នក។ សូមឲ្យការថ្ងូរ ទឹកភ្នែក ញើញដូចជា ឈាមនៅទីនោះផ្លាស់ប្រែអ្នក ដើម្បីឲ្យអ្នកប្រែចិត្ដពីអំពើបាប ហើយជឿលើ ព្រះយេស៊ូវ។ ចូរមកឯទ្រង់ចុះ ទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់មាន ព្រះជន្មរស់នៅ ហើយទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតានៅឯស្ថានសួគ៌។ ចូរ មករកទ្រង់ឥឡូវនេះចុះ នោះអ្នកនឹងត្រូវអត់ទោស មុនពេលវាយឺតពេល។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លូកា ២២:៣៩-៤៤ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ការរងទុក្ខដែលមិនស្គាល់បាន»(ដោយលោក Joseph Hart, 1712-1768)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ញើសដែលជាឈាម

THE BLOODY SWEAT

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។

(យ៉ូហាន ១៨:២; អេសាយ ៥៣:៧; លោកុប្បត្ដិ ២៨:១៧)

១. ទីមួយ តើអ្វីដែលបណ្ដាលឲ្យគ្រិស្ដរងការឈឺចុកចាប់ ហើយកើតទុក្ខនៅក្នុងសួនច្បារគែតសេម៉ាណី? អេសាយ ៥៣:៣; យ៉ូហាន ១៤:២៧; ១៨:១; ម៉ាថាយ ២៦:៣៩, ៣៨, ៣៧;
ហេព្រើរ ១២:២; អេសាយ ៥៣:៦; ១ពេត្រុស ២:២៤; លូកា ២២:៤៤។

២. ទីពីរ តើអ្វីជាអត្ថន័យនៃញើសដូចជាឈាមរបស់ព្រះគ្រិស្ដ?លូកា២២:៤៤; ម៉ាថាយ ២៦:៣៧; អេសាយ ៥៣:៤, ១១; ម៉ាកុស ១៤:៣៣; ម៉ាថាយ ២៦:៣៨; ទំនុកតម្កើង ១១៦:៣;
លូកា ២២:៤៤។

៣. ទីបី ហេតុអ្វីបានជាព្រះគ្រិស្ដបានឆ្លងកាត់រឿងទាំងអស់នេះ? ១ពេត្រុស ២:២១;
២ធីម៉ូថេ ៣:១២; ២:៣; កិច្ចការ ១៤:២២។