Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការកែប្រែចិត្ដពិតប្រាកដ – ការបោះពុម្ពផ្សាយឆ្នាំ២០១៥

REAL CONVERSION – 2015 EDITION
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ៤ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, January 4, 2015

«រួចមានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ» (ម៉ាថាយ ១៨:៣)។


ព្រះយេស៊ូវទ្រង់បានមានបន្ទូលប្រាប់យ៉ាងច្បាស់ថា «បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ»។ ដូច្នេះ ទ្រង់បានប្រាប់យ៉ាងច្បាស់ថា អ្នកត្រូវតែប្រែចិត្ដ។ ទ្រង់បានមានបន្ទូលថា បើអ្នកមិនប្រែចិត្ដ នោះអ្នកមិនអាច «ចូលទៅក្នុងនគរស្ថានសួគ៌ បានឡើយ»។

នៅព្រឹកនេះ ខ្ញុំនឹងប្រាប់បងប្អូនពីអ្វីដែលកើតឡើងចំពោះ មនុស្សម្នាក់ដែលប្រែចិត្ដពិតប្រាកដ។ សូមកត់សំគាល់ថា ខ្ញុំនិយាយពីការប្រែចិត្ដ «ពិតប្រាកដ»។ តាមរយះ «ការអធិសា្ឋនទទួលសេចក្ដីសង្រ្គោះរបស់មនុស្សមានបាប» និងតាមវិធីផ្សេងៗទៀតរបស់ពួកសម្រេចនិយម នោះមានមនុស្សរាប់លាននាក់ បានត្រឹមតែប្រែចិត្ដក្លែងក្លាយ។

នៅក្នុងក្រុមជំនុំយើង យើងមានមនុស្សមួយចំនួន ដែលបានប្រែចិត្ដជឿព្រះ កាលពួកគេបាន ស្ដាប់លឺដំណឹងល្អលើកដំបូង រួមទាំងប្រពន្ធរបស់ខ្ញុំ។ ប៉ុន្ដែ មនុស្សទាំងនេះសុទ្ធតែជាមនុស្សវ័យចំណាស់ ដែលបានរៀបចំខ្លួនយ៉ាងល្អ ដោយសារកាលៈទេសៈនៃជីវិត មុនពេលពួកគេបានលឺដំណឹងល្អ។ គ្មានម្នាក់ សោះដែលជាកូនក្មេង ពួកគេសុទ្ធតែជាមនុស្សវ័យចំណាស់។ ភាគច្រើនអ្នកដែលប្រែចិត្ដជឿពិតប្រាកដ គឺជាអ្នកមនុស្សវ័យក្មេង ពួកគេបានមករកព្រះគ្រីស្ទច្រើនខែ(សូម្បីតែច្រើនឆ្នាំ) ដើម្បីស្ដាប់ដំណឹងល្អ។ លោក ស្ពឺជិនបានប្រសាសន៍ថា «មានដំណាក់កាលទីមួយនៃសេចក្ដីសេចក្ដីជំនឿ តែជាធម្មតាយើងមាន សេចក្ដីជំនឿដោយដំណាក់កាលផ្សេងៗ» (C. H. Spurgeon, Around the Wicket Gate, Pilgrim Publications, 1992 reprint, p. 57) ។ នេះគឺជា «ដំណាក់កាល» ដែលមនុស្សភាគច្រើនឆ្លងកាត់។

១. ទីមួយ អ្នកមកក្រុមជំនុំសំរាប់មូលហេតុផ្សេងៗ អ្នកមិនប្រែចិត្ដជឿនោះទេ។

សំរាប់រយះពេលពីរបីដងមុនដំបូង មនុស្សស្ទើរតែទាំងអស់មកក្រុមជំនុំ ដោយសារមានមូលហេតុ «ខុសឆ្គង» ដូចខ្ញុំបានធ្វើ។ ពេលខ្ញុំជាក្មេងជំទង់ម្នាក់ ខ្ញុំបានមកក្រុមជំនុំ ដោយសារតែគ្រួសារមួយនៅជាប់ ផ្ទះរបស់ខ្ញុំបានអញ្ជើញខ្ញុំទៅក្រុមជំនុំជាមួយពួកគេ។ ដូច្នេះ ខ្ញុំបានចាប់ផ្ដើមមកក្រុមជំនុំក្នុងឆ្នាំ១៩៥៤ ដោយសារតែខ្ញុំជាមនុស្សឯកោរ ហើយអ្នកជិតខាងខ្ញុំចិត្ដល្អដាក់ខ្ញុំណាស់។ នោះមិនមែនជាមូលហេតុ «ត្រឹមត្រូវ» នោះទេ មែនទេ? នៅចុងបញ្ចប់ ខ្ញុំបានបន្ដមកក្រុមជំនុំ កាលខ្ញុំស្ដាប់លឺដំណឹងល្អមុនដំបូង ហើយខ្ញុំបានធ្វើពិធីជ្រមុជទឹកដោយមិនមានប្រឹក្សាពីអ្នកណាគេសោះ ថែមទាំងមិនសួរមូលហេតុទៀត។ នោះគឺជារបៀប ដែលខ្ញុំបានក្លាយជាអ្នកបាទីស្ទម្នាក់។ តែខ្ញុំមិនបានប្រែចិត្ដនោះទេ ខ្ញុំបានមកក្រុមជំនុំ ដោយសារតែអ្នកជិតខាងខ្ញុំចិត្ដល្អដាក់ខ្ញុំ មិនមែនដោយសារតែខ្ញុំចង់បានសង្រ្គោះនោះទេ។ ដូច្នេះ ខ្ញុំបាន ឆ្លងកាត់ការប្រយុទ្ធប្រឆាំងដ៏យូរសំរាប់រយះពេល៧ឆ្នាំ មុនពេលខ្ញុំបានប្រែចិត្ដនៅខែកញ្ញា ទី២៨ ឆ្នាំ១៩៦១ កាលខ្ញុំបានស្ដាប់លឺលោក Charles J. Woodbridge បានអធិប្បាយនៅមហាវិទ្យាល័យ(ឥឡូវនេះវាជាសាកលវិទ្យាល័យ)។ នោះហើយជាថ្ងៃ ដែលខ្ញុំបានជឿទុកចិត្ដលើព្រះយេស៊ូវ ហើយទ្រង់បានសំអាតខ្ញុំ ពីអំពើបាប ហើយបានសង្រ្គោះខ្ញុំ។

ហើយចុះអំពីអ្នកវិញ? តើអ្នកមកក្រុមជំនុំ ដោយសារតែអ្នកមានភាពឯកោរ ឬក៏ដោយសារឪពុកម្ដាយរបស់អ្នកនាំអ្នកមកក្រុមជំនុំ កាលអ្នកនៅក្មេងឬទេ? នៅព្រឹកនេះ បើអ្នកមិនមានទំលាប់នៅ ក្រុមជំនុំ ដូចក្មេងដែលបានធំឡើងនៅក្នុងក្រុមជំនុំ នោះមិនមានន័យថា អ្នកបានប្រែចិត្ដនោះទេ។ ឬក៏ តើអ្នកមកក្រុមជំនុំ ដោយសារអ្នកឯកោរ ហើយមានអ្នកណាម្នាក់អញ្ជើញអ្នក ថែមទាំងមនុស្សគេចិត្ដល្អដាក់ អ្នក ដូចខ្ញុំបានធ្វើឬទេ? បើអ្នកធ្វើអញ្ចឹង នោះមិនមានន័យថា អ្នកបានប្រែចិត្ដនោះទេ។ កុំច្រលំឡើយ ខ្ញុំសប្បាយចិត្ដអ្នកមកក្រុមជំនុំ សូម្បីតែមានទំលាប់ដូចក្មេងនៅក្រុមជំនុំ ឬមានភាពឯកោរដូចខ្ញុំ កាលខ្ញុំ មានអាយុ១៣ឆ្នាំ។ នោះសុទ្ធតែជាមូលហេតុដែលយើងយល់ថា ពួកគេមកក្រុមជំនុំ តែពួកគេមិនបាន សង្រ្គោះនោះទេ។ អ្នកត្រូវតែប្រែចិត្ដពិតប្រាកដ ទោះអ្នកអាចបានសង្រ្គោះ។ ពិតណាស់ អ្នកត្រូវតែបាន សង្រ្គោះដោយសារព្រះយេស៊ូវ។ នោះគឺជាមូលហេតុ «ត្រឹមត្រូវ» ហើយនោះគឺជាមូលហេតុតែមួយគត់ ដែលនឹងជួយសង្រ្គោះអ្នកពីជីវិតនៃអំពើបាប។

វាមិនមែនជាទំលាប់អាក្រក់នោះ ពេលអ្នកមកក្រុមជំនុំដោយសារតែអ្នកមានភាពឯកោរ។ វាមិន ត្រឹមតែមិនមែនជាមូលហេតុត្រឹមត្រូវតែប៉ុណ្ណោះ។ អ្នកត្រូវតែចង់បានរបស់ខ្លះថែមទៀត ដើម្បីនាំឲ្យអ្នកប្រែ ចិត្ដជឿព្រះ មិនត្រឹមតែដោយសាតែរអ្នកមានអារម្មណ៍ល្អ ចង់មកក្រុមជំនុំនោះទេ។

២. ទីពីរ អ្នកចាប់ផ្ដើមដឹងថា មានព្រះពិតមែន។

អ្នកអាចដឹងថា មានព្រះ មុនពេលអ្នកមកក្រុមជំនុំ។ តែមនុស្សភាគច្រើនគ្រាន់តែស្រពិចស្រពិល ហើយមានជំនឿច្បាស់លាស់លើព្រះ មុនពេលពួកគេបានប្រឈមមុខជាមួយដំណឹងល្អ។ ប្រហែលជានោះ ជាតួនាទីរបស់ផងដែរ បើអ្នកណាម្នាក់បាននាំអ្នកក្រុមជំនុំ។

បើអ្នកធំឡើងនៅក្នុងក្រុមជំនុំ អ្នកដឹងច្រើនអំពីព្រះគម្ពីរ។ អ្នកអាចស្រួលរកទីកន្លែងត្រឹមត្រូវនៅ ក្នុងព្រះគម្ពីរ។ អ្នកស្គាល់ពីផែនការណ៍នៃសេចក្ដីសង្រ្គោះ អ្នកស្គាល់ខគម្ពីរ និងបទចំរៀងជាច្រើន។ ប៉ុន្ដែ អ្នកនៅតែមិនច្បាស់អំពីព្រះ។

សូម្បីតែអ្នកជាមនុស្សថ្មី ឬក៏ជាក្មេងនៅក្នុងក្រុមជំនុំក៏ដោយ មានរឿងខ្លះចាប់ផ្ដើមកើតឡើង។ អ្នកចាប់ផ្ដើមយល់ដឹងថា មានព្រះពិតមែន អ្នកមិនគ្រាន់តែនិយាយអំពីព្រះប៉ុណ្ណោះទេ។ អ្នកបានយល់ ដឹងថា មានព្រះពិតប្រាកដមែន។

កាលខ្ញុំនៅក្មេង ខ្ញុំជឿព្រះមិនច្បាស់លាស់នោះទេ។ តែខ្ញុំមិនបានដឹងខ្លួនពី «ព្រះដ៏ធំហើយគួរស្ញែងខ្លាច»នោះទេ(នេហេមា ១:៥) រហូតដល់ខ្ញុំមានអាយុ១៥ឆ្នាំ សំរាប់រយះពេលច្រើនជាង២ឆ្នាំ ខ្ញុំបាន ចាប់ផ្ដើមចូលរួមក្រុមជំនុំបាទីស្ទនោះ ជាមួយអ្នកជិតខាងដែលរស់នៅជាប់ផ្ទះខ្ញុំ។ ថែ្ងដែលគេកប់សពយាយ របស់ខ្ញុំ ខ្ញុំបានរត់ក្រោមដើមឈើទៅនៅកន្លែងកប់សព ហើយខ្ញុំបានដង្ហក់ ទាំងបើកញើសធ្លាក់លើដី។ នៅពេលភ្លាមៗនោះ ព្រះបានយាងចុះមកឯខ្ញុំ ហើយខ្ញុំបានដឹងថា មានព្រះពិតមែន ថែមទាំងដឹងថា ទ្រង់ មានគ្រប់អំណាចព្រះចេស្ដាទាំងអស់ ហើយខ្ញុំបានខ្លាចពីសេចក្ដីបរិសុទ្ធរបស់ទ្រង់។ ប៉ុន្ដែខ្ញុំមិនទាន់ប្រែចិត្ដ ជឿលើទ្រង់នោះទេ។

តើអ្នកធ្លាប់មានបទពិសោធន៍ដូចនោះឬទេ? តើព្រះនៅក្នុងព្រះគម្ពីរជាព្រះដ៏ពិតចំពោះអ្នកដែរ ឬទេ? វាសំខាន់មែនទែន ព្រះគម្ពីរប្រាប់ថា

«តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន {ទ្រង់មានព្រះវត្ដមាន}»(ហេព្រើរ ១១:៦)។

ការជឿលើព្រះទាមទារឲ្យមានសេចក្ដីជំនឿ តែសេចក្ដីជំនឿមិនអាចជួយសង្រ្គោះនោះទេ។ វាមិន មែនជាការប្រែចិត្ដពិតប្រាកដនោះទេ។ ជារឿយៗ ម្ដាយខ្ញុំនិយាថា «ខ្ញុំជឿលើព្រះ»។ ខ្ញុំមិនដែលឆ្ងល់អី សោះ ពេលគាត់និយាយដូចនោះ។ គាត់ជឿព្រះតាំងពីគាត់នៅក្មេង ប៉ុន្ដែ គាត់មិនបានប្រែចិត្ដទេ រហូតដល់ គាត់មានអាយុ៨០ឆ្នាំ។ វាសំខាន់ដើម្បីឲ្យគាត់ជឿលើព្រះ តែមានរឿងខ្លះថែមទៀត ដែលត្រូវតែកើតឡើង ចំពោះមនុស្សម្នាក់ ដើម្បីឲ្យគេប្រែចិត្ដពិតប្រាកដ។

ដូច្នេះ ខ្ញុំកំពុងនិយាយថា នៅព្រឹកនេះ ប្រហែលជាអ្នកបានមកក្រុមជំនុំ ដោយមិនស្គាល់ភាពពិត របស់ព្រះ។ បន្ទាប់មកនៅពេលសន្សឹមៗ ឬប្រហែលរយះពេលលឿនបន្ដិច អ្នកដឹងថា មានព្រះពិតមែន។ នោះគឺជាដំណាក់កាលទី២ ប៉ុន្ដែ វាមិនទាន់ជាការប្រែចិត្ដនោះទេ។

៣. ទីបី អ្នកយល់ដឹងថា ព្រះមានសេចក្ដីខ្ញាល់ចំពោះអំពើបាបរបស់អ្នក។

ព្រះគម្ពីរប្រាប់ថា «ពួកអ្នកដែលនៅខាងសាច់ឈាម {ពួកអ្នកដែលមិនទាន់ប្រែចិត្ដ} នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ»(រ៉ូម ៨:៨)។ ដូច្នេះ អ្នកចាប់ផ្ដើមយល់ដឹងថា អ្នកជាមនុស្ស ដែលមិនទាន់ប្រែចិត្ដ ហើយគ្មានសោះដែលអ្នកអាចធ្វើ ដើម្បីគាប់ព្រះហឬទ័យដល់ព្រះ។ តាមការពិត អ្នកចាប់ផ្ដើមយល់ដឹងថា អ្នកជាមនុស្សមានបាប។ រាល់តែថ្ងៃ «ចិត្ដអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្តីក្រោធ»(រ៉ូម ២:៥)។ ព្រះគម្ពីរប្រាប់ថា៖

«ទ្រង់ជាព្រះដែលមានសេចក្តីខ្ញាល់ ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ » (ទំនុកដំកើង ៧:១១)។

បន្ទាប់ពីអ្នកដឹងថា មានព្រះពិតមែន អ្នកចាប់ផ្ដើមយល់ដឹងថា អ្នកបានធ្វើឲ្យព្រះទាស់ព្រះទ័យ ដោយសារអំពើបាបរបស់អ្នក។ អ្នកក៏បានធ្វើឲ្យទ្រង់ទាស់ព្រះទ័យ ដោយសារអ្នកមិនស្រឡាញ់ទ្រង់ផង ដែរ។ អំពើបាបដែលអ្នកប្រព្រឹត្ដបានប្រឆាំងនឹងព្រះ ហើយប្រឆាំងនឹងបញ្ញត្ដរបស់ទ្រង់។ ពេលនោះអ្នកដឹង ច្បាស់ថា នេះជារឿងពិត។ អ្នកឃើញថា អ្នកខ្វះការស្រឡាញ់ចំពោះព្រះ ដោយសារអំពើបាបដ៏ធំមួយ។ តែ អ្វីដែលខ្លាំងជានោះទៀត អ្នកចាប់ផ្ដើមដឹងថា អ្នកមាននិស្ស័យអំពើបាប ហើយអ្នកដឹងថា ក្នុងខ្លួនអ្នកគ្មាន អ្វីល្អសោះ ចិត្ដរបស់អ្នកពោរពេញដោយអំពើបាប។

ជារឿយៗ ដំណាក់កាលនេះ ពួកបរិសុទ្ធបានហៅថា «ការភ្ញាក់ដឹងខ្លួន»។ តែបើអ្នកមិនដឹងខ្លួនថា អ្នកពេញដោយអំពើបាប ហើយនៅក្រោមការកាត់ទោសពីអំពើបាប នោះអ្នកនឹងមានអារម្មណ៍ ដូចលោក យ៉ូហាន Newton កាលគាត់បានសរសេរថា៖

ឱព្រះអង្គអើយ ទូលបង្គំអាក្រក់ មិនបរិសុទ្ធខ្លាំងណាស់
តើទូលបង្គំអាចទ្រាំទំងន់នៃអំពើបាបដោយរបៀបណា?

តើទ្រង់សណ្ឌិតនៅក្នុងចិត្ដដ៏កង្វក់នេះឬអី?
ទូលបង្គំឃើញថា ទូលបង្គំអាក្រក់គ្រប់ផ្នែក!
(«ឱព្រះអង្គអើយ ទូលបង្គំអាក្រក់ខ្លាំងណាស់» ដោយលោកយ៉ូហាន Newton, 1725-1807)។

បន្ទាប់មក អ្នកនឹងចាប់ផ្ដើមគិតអំពីបាបនៅក្នុងគំនិត និងនៅក្នុងចិត្ដរបស់អ្នក។ អ្នកនឹងគិតថា «ចិត្ដរបស់ខ្ញុំពេញដោយអំពើបាប ហើយដាច់ឆ្ងាយពីព្រះ»។ នោះគឺជាគំនិតដែលនឹងរំខានអ្នក។ អ្នកនឹង ពិបាកចិត្ដ ហើយត្រូវរំខានចិត្ដដោយអំពើបាបនៅក្នុងគំនិត និងការខ្វះសេចក្ដីស្រឡាញ់ចំពោះព្រះផ្ទាល់ ខ្លួនរបស់អ្នក។ នៅដំណាក់កាលនេះ ព្រះនឹងចាក់ចុចចិត្ដអ្នកយ៉ាងខ្លាំងពីភាពគ្មានជីវិតនៅក្នុងចិត្ដរបស់ អ្នក។ អ្នកនឹងចាប់ផ្ដើមយល់ដឹងថា មនុស្សម្នាក់ដែលមានចិត្ដពេញដោយអំពើបាប ដូចអ្នកគ្មានសង្ឃឹមទេ។ អ្នកនឹងដឹងថា វាចាំបាច់ ហើយត្រឹមត្រូវសំរាប់ព្រះ ពេលទ្រង់បញ្ជូនអ្នកទៅឋាននរក ដោយសារតែអ្នកសម នឹងទៅឋាននរក។ នេះគឺជាអ្វីដែលអ្នកនឹងគិត នៅពេលអ្នកភ្ញាក់ដឹងខ្លួនពិតប្រាកដ ពេលនោះអ្នកដឹងថា អ្នកបានធ្វើឲ្យព្រះទាស់ព្រះទ័យ ហើយធ្វើឲ្យទ្រង់ខ្ញាល់នឹងអំពើបាបអ្នក។ ដំណាក់កាលនៃការភ្ញាក់ដឹងខ្លួន នេះគឺជាដំណាក់កាលដ៏សំខាន់ តែវាមិនទាន់ជាការប្រែចិត្ដនោះទេ។ មនុស្សម្នាក់ដែលដឹងពីអំពើបាបខ្លួន អាក្រក់ប៉ុណ្ណា ម្នាក់នោះបានភ្ញាក់ដឹងខ្លួន តែគាត់មិនទាន់ប្រែចិត្ដនៅឡើយទេ។ ការប្រែចិត្ដកើតឡើងឆ្ងាយ ជាងការប៉ះពាល់ចិត្ដពីអំពើបាប។

នៅពេលភ្លាមៗ អ្នកយល់ដឹងថា អ្នកមិនអាចគាប់ព្រះហឬទ័យដល់ព្រះ ឬក៏អ្នកគ្រាន់តែភ្ញាក់ខ្លួន ហើយបានយល់ដឹងពីព្រះប៉ុណ្ណោះ ប៉ុន្ដែព្រះមិនសព្វព្រះហឬទ័យនឹងអ្នកឡើយ។ មានតែនៅពេលណា ដែលអ្នកភ្ញាក់ដឹងខ្លួនពិតប្រាដកថា អ្នកជាមនុស្សមានបាប ហើយមិនបរិសុទ្ធសោះ ពេលនោះហើយអ្នក នឹងត្រៀមខ្លួនជាស្រេចសំរាប់ «ដំណាក់កាល»ទី៤ និងទី៥ នៃការប្រែចិត្ដ។

លោក ឆោតឡែស ស្ពឺជិនបានភ្ញាក់ដឹងខ្លួនពីអំពើបាបរបស់គាត់ កាលគាត់មានអាយុ១៥ឆ្នាំ។ ឪពុក និងលោកតារបស់គាត់ជាគ្រូអធិប្បាយ។ ពួកគេបានរស់នៅក្នុងសម័យ នៅពេលដែល «លទ្ធិសម្រេចនិយម» មិនទាន់បង្កើតឲ្យមានការប្រែចិត្ដពិតប្រាកដ វាមិនច្បាស់លាស់ទេ។ ដូច្នេះ ឪពុករបស់គាត់ និងលោកតារបស់គាត់មិនបាន «ជម្រុញ» ឲ្យគាត់ «សម្រេចចិត្ដសំរាប់ព្រះគ្រីស្ទ»នោះទេ។ ផ្ទុយទៅវិញ ពួកគេបានរង់ចាំឲ្យព្រះធ្វើការនៅក្នុងខ្លួនគាត់។ ខ្ញុំគិតថា ពួកគេបានធ្វើត្រូវ។

នៅពេលចុងក្រោយ ព្រះបានប៉ះពាល់ចិត្ដលោក ស្ពឺជិនពីអំពើបាប កាលគាត់មានអាយុ១៥។ លោក ស្ជឺជិនបានពន្យល់ពីការដែលគាត់ភ្ញាក់ដឹងខ្លួនពីអំពើបាបរបស់គាត់ដូចខាងក្រោមនេះ៖

នៅពេលភ្លាមៗនោះ ខ្ញុំបានជួបលោក ម៉ូសេ គាត់កំពុងតែកាន់ក្រឹត្យវិន័យ របស់ព្រះនៅក្នុងដៃរបស់គាត់ ហើយកាលគាត់បានមើលមកកាន់ខ្ញុំ នោះ គាត់ហាក់ដូចជារកខ្ញុំ ហើយសម្លឹងមើលខ្ញុំដោយមានភ្លើងនៅក្នុងភ្នែករបស់គាត់។ គាត់ {បានប្រាប់ខ្ញុំឲ្យអាន} ក្រឹត្យវិន័យ១០ប្រការរបស់ព្រះ ហើយ កាលខ្ញុំអានក្រឹត្យវិន័យទាំងនោះ វាហាក់ដូចជាចោទប្រកាន់ខ្ញុំ ហើយកាត់ ទោសខ្ញុំនៅក្នុងព្រះនេត្រនៃព្រះដ៏បរិសុទ្ធ។

គាត់បានដឹងថា គាត់ជាមនុស្សមានបាបនៅក្នុងព្រះនេត្ររបស់ព្រះ ហើយគាត់បានដឹងខ្លួនថា «សាសនា» ឬក៏ «ការធ្វើល្អ» របស់គាត់មិនអាចជួយសង្រ្គោះបាននោះទេ។ លោកស្ជឺជិនដែលមានវ័យក្មេងបានឆ្លងកាត់ ភាពទុក្ខព្រួយដ៏ធំ។ គាត់បានព្យាយាមធ្វើល្អក្នុងវិធីជាច្រើន ដើម្បីចង់បានមេត្រីភាពជាមួយព្រះ ប៉ុន្ដែការ ខំប្រឹងធ្វើល្អរបស់គាត់ទាំងអស់ ដើម្បីចង់បានមេត្រីភាពជាមួយព្រះបានទទួលបរាជ័យ។ កន្លែងនោះនាំឲ្យ យើងទៅរៀនដំណាក់កាលទី៤នៃការប្រែចិត្ដ។

៤. ទីបួន អ្នកព្យាយាមខំរកសេចក្ដីសង្រ្គោះរបស់អ្នក ឬព្យាយាមរៀន ដើម្បីបានសង្រ្គោះ។

អ្នកដែលភ្ញាក់ដឹងខ្លួននឹងដឹងខ្លួនពីអំពើបាប ប៉ុន្ដែគេមិនទាន់បែរមកឯព្រះយេស៊ូវនៅឡើយទេ។ ហោរាអេសាយបានប្រាប់ពីមនុស្ស ដែលស្ថិតនៅក្នុងស្ថានភាពនេះ នៅពេលគាត់បានប្រាប់ថា «យើងធ្លាប់គេចមុខចេញ... ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។ យើងដូចជាលោក អ័ដាមអញ្ចឹង គាត់បានដឹងខ្លួនពីអំពើបាប ប៉ុន្ដែ គាត់បានពួនខ្លួនពីព្រះអង្គសង្រ្គោះ ហើយព្យាយាមគ្របបាំង អំពើបាបរបស់គាត់ដោយស្លឹកឈើ(លោកុប្បត្ដិ ៣:៧,៨)។

យើងដូចលោកអ័ដាមអញ្ចឹង គាត់បានដឹងខ្លួនថា គាត់បានធ្វើបាប ប៉ុន្ដែគាត់បានព្យាយាមរឿងខ្លះ ដើម្បីជួយសង្រ្គោះខ្លួនគាត់ពីអំពើបាប។ គាត់ព្យាយាម «រៀន» ដើម្បីបានសង្រ្គោះ។ តែគាត់យល់ឃើញថា «ការរៀន» មិនអាចឲ្យគាត់ធ្វើល្អសោះ ហើយយល់ឃើញថា គាត់ «រៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»(២ធីម៉ូថេ ៣:៧)។ ឬក៏គាត់អាចស្វែងរក «អារម្មណ៍» ជំនួសឲ្យស្វែងរក ព្រះយេស៊ូវទ្រង់ផ្ទាល់។ មនុស្សដែលស្វែងរក «អារម្មណ៍» គេបន្ដធ្វើដូចនេះសំរាប់រយះពេលច្រើនខែ ប៉ុន្ដែ គ្មានអ្នកណាម្នាក់អាចបានសង្រ្គោះដោយសារ «អារម្មណ៍»។ លោកស្ពឺជិនបានភ្ញាក់ដឹងខ្លួនពីអំពើបាប របស់គាត់។ ប៉ុន្ដែគាត់មិនបានជឿនោះទេ គាត់អាចបានសង្រ្គោះដោយសាមញ្ញ ដោយសារការជឿជាក់លើ ព្រះយេស៊ូវ។ គាត់បានប្រសាសន៍ថា

មុនពេលខ្ញុំបានមករកព្រះយេស៊ូវ ខ្ញុំបាននិយាយដាក់ខ្លួនឯងថា «ពិតប្រាកដ ណាស់ វាមិនអាចដូចនោះបានទេ បើខ្ញុំគ្រាន់តែជឿលើព្រះយេស៊ូវ នោះខ្ញុំ នឹងបានសង្រ្គោះ? ខ្ញុំត្រូវតែដឹងពីរឿងខ្លះ ហើយខ្ញុំត្រូវតែធ្វើរឿងខ្លះ»(ibid)។

ហើយកន្លែងនោះនាំឲ្យយើងទៅរៀនដំណាក់កាលទី៥។

៥. ទីប្រាំ នៅចុងបញ្ចប់ អ្នកមករកព្រះយេស៊ូវ ហើយជឿទុកចិត្ដលើទ្រង់តែមួយគត់។

នៅចុងបញ្ចប់ លោកស្ជឺជិនដែលមានវ័យក្មេងបានស្ដាប់លឺគ្រូអធិប្បាយម្នាក់បង្រៀនថា «ចូរមើល កាន់ព្រះគ្រីស្ទ កុំមើលខ្លួនឯង ចូរមើលកាន់ព្រះគ្រីស្ទ។ បន្ទាប់ពីគាត់បានមានចលាចល និងការឈឺចាប់ ខាងក្នុងចិត្ដទាំងអស់នោះមក នៅចុងបញ្ចប់ លោកស្ជឺជិនបានមើលកាន់ព្រះយេស៊ូវ ហើយជឿជាក់លើ ទ្រង់។ គាត់ប្រសាសន៍ថា «ខ្ញុំបានសង្រ្គោះដោយសារព្រះលោហិត {របស់ព្រះយេស៊ូវ}! ខ្ញុំអាចរាំនៅតាម ផ្លូវទៅផ្ទះវិញ»។

បន្ទាប់ពីគាត់ដោះស្រាយចំងល់ទាំងអស់នោះរួចហើយ គាត់បានឈប់ស្វែរកអារម្មណ៍ ឬរឿងខ្លះ ទៀតនៅក្នុងខ្លួនគាត់។ គាត់បានជឿជាក់លើព្រះយេស៊ូវ ហើយទ្រង់បានសង្រ្គោះគាត់នៅពេលភ្លាមនោះ។ នោះខណៈពេលភ្លាមៗនោះ គាត់បានស្អាតពីអំពើបាបដោយសារព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ! វាសាមញ្ញ ហើយវាជាបទពិសោធន៍ដ៏ជ្រាលជ្រៅសំខាន់បំផុត ដែលមនុស្សលោកអាចមាន។ មិត្ដភក្រ្ដរបស់ ខ្ញុំនោះ ប្រែចិត្ដពិតប្រាកដ! ព្រះគម្ពីរប្រាប់ថា «ចូរជឿលើព្រះអម្ចាស់យេស៊ូវ នោះអ្នកនឹងបានសង្រ្គោះ» (កិច្ចការ ១៦:៣១)។ លោក យ៉ូសែប Hart ប្រាប់ថា

មនុស្សមានបាបជឿនៅពេលភ្លាមៗ
     ដ្បិតគាត់ជឿលើព្រះដែលបានជាប់ឆ្កាង
ទ្រង់អត់ទោសបាបឲ្យគាត់មួយម្ដងស្រេច
     ការប្រោសលោះមានពេញទីដោយសារឈាមទ្រង់។
«មនុស្សមានបាបជឿនៅពេលភ្លាមៗ» ដោយលោក Joseph Hart, 1712-1768) ។

សេចក្ដីសន្និដ្ឋាន

ព្រះយេស៊ូវបានមានបន្ទូលថា

ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ» (ម៉ាថាយ ១៨:៣)។

ដូចជាតួអង្គដ៏សំខាន់នៅក្នុងសៀវភៅ ផ្លូវទៅស្ថានសួគ៌ គាត់មិនដោះស្រាយពីការស្ទាក់ស្ទើរ ដែលគាត់ «សម្រេចចិត្ដសំរាប់ព្រះគ្រីស្ទ» ឡើយ។ ទេ ទេ សូមប្រាកដថា អ្នកបានប្រែចិត្ដពិតប្រាកដ ដោយសារតែ បើអ្នកមិនប្រែចិត្ដពិតប្រាកដ «នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ»(ម៉ាថាយ ១៨:៣)។

ដើម្បីមានការប្រែចិត្ដពិតប្រាកដ

១. អ្នកត្រូវតែជឿពិតប្រាកដ ថា មានព្រះ ហើយព្រះពិត ដែលជាអ្នកកាត់ទោស មនុស្សមានបាបទៅឋាននរក ហើយយកមនុស្សដែលបានសង្រ្គោះទៅស្ថាន សួគ៌ កាលណាពួកគេស្លាប់ទៅ។

២. អ្នកត្រូវតែដឹងខ្លួនថា អ្នកជាមនុស្សមានបាប ដែលធ្វើឲ្យព្រះទាស់ព្រះទ័យ។ អ្នកអាចបន្ដធ្វើដូចនេះរយះពេលយូរ (ឬក៏វាអាចមានរយះពេលខ្លីសំរាប់អ្នក ខ្លះ)។ លោកខាហ្គិន ដែលជាគ្រូគង្វាលនៅមហាវិទ្យាល័យរបស់យើងបាន ប្រសាសន៍ថា «ខ្ញុំបានតស៊ូប្រឆាំងនឹងព្រះ ហើយមិនអាចដេកលក់អស់រយះ ពេលជាច្រើនខែ បន្ទាប់ពីព្រះបានពិតចំពោះខ្ញុំ។ ខ្ញុំគ្រាន់តែអាចរៀបរាប់ពី ពេលវេលានេះនៅក្នុងជីវិតរបស់ខ្ញុំ កាលខ្ញុំបានស្រែកថ្ងូរនៅក្នុងខ្លួនខ្ញុំអស់រយះ ពេល២ឆ្នាំ (C. L. Cagan, Ph.D., From Darwin to Design, Whitaker House, 2006, p. 41)។

៣. អ្នកត្រូវតែដឹង ថា អ្នកមិនអាចធ្វើល្អសោះ ដើម្បីផ្សះផ្សាអ្នកនឹងព្រះដែលមាន សេចក្ដីខ្ញាល់។ ការដែលអ្នកនិយាយ ឬរៀន ឬធ្វើ ថែមទាំងការដែលអ្នកមានអារម្មណ៍មិនអាចជួយអ្នកទាល់តែសោះ។ អ្នកត្រូវតែច្បាស់ពីបញ្ហានោះនៅក្នុង ចិត្ដ និងគំនិតរបស់អ្នក។

៤. អ្នកត្រូវតែមករកព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះរាជបុត្រានៃព្រះ ទើបអ្នកអាច លាងសំអាតពីអំពើបាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់។ លោកខាហ្គិន បានប្រសាសន៍ថា «ខ្ញុំចងចាំច្បាស់ណាស់ ពីរយះពេលពីរបីនាទី កាលខ្ញុំបាន ជឿជាក់លើ{ព្រះយេស៊ូវ}...នៅពេលភ្លាមៗនោះ ខ្ញុំហាក់ដូចជាបានប្រឈមមុខ ជាមួយ{ព្រះយេស៊ូវ}...ខ្ញុំបាននៅក្នុងព្រះវត្ដមានរបស់ព្រះគ្រីស្ទ ហើយទ្រង់បាន គង់ជាមួយខ្ញុំពិតប្រាកដណាស់។ សំរាប់រយះពេលជាច្រើនឆ្នាំ ខ្ញុំបានបែរ ចេញពីទ្រង់ ទោះបីជាទ្រង់ស្រឡាញ់ខ្ញុំ ហើយតែងតែផ្ដល់សេចក្ដីសង្រ្គោះដល់ ខ្ញុំក៏ដោយ។ តែនៅយប់នោះ ខ្ញុំបានដឹងថា វាជាពេលសំរាប់ឲ្យខ្ញុំជឿជាក់លើ ទ្រង់។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែមករកទ្រង់ ឬក៏ខ្ញុំបែរចេញពីទ្រង់។ នៅខណៈ ពេលនោះ ក្នុងរយះពេលតែពីរបីនាទីប៉ុណ្ណោះ ខ្ញុំបានមករកព្រះយេស៊ូវ។ ខ្ញុំ ឈប់ទុកចិត្ដលើខ្លួនឯងទៀត។ ខ្ញុំបានទុកចិត្ដលើព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំ បានជឿលើទ្រង់។ វាសាមញ្ញដូចនោះ ខ្ញុំបានរត់រកអ្វីទាំងអស់នៅក្នុងជីវិត របស់ខ្ញុំ ប៉ុន្ដែ នៅយប់នោះ ខ្ញុំបានបែរមករកព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់» (C. L. Cagan, ibid., p. 19)។ នោះគឺជាការប្រែចិត្ដពិតប្រាកដមួយ។ នោះគឺជា អ្វីដែលអ្នកត្រូវតែមានបទពិសោធន៍ ដើម្បីត្រឡប់មកឯព្រះគ្រីស្ទយេស៊ូវ! សូម មករកព្រះយេស៊ូវ ហើយជឿជាក់លើទ្រង់! ទ្រង់នឹងជួយសង្រ្គោះអ្នក ហើយ នឹងលាងសំអាតអំពើបាបរបស់អ្នកទាំងអស់ ដោយព្រះលោហិតដែលទ្រង់ បានបង្ហូរនៅលើឈើឆ្កាង! អាម៉ែន។


(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រះគុណអស្ចារ្យ» (ដោយលោក John Newton, 1725-1807)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការកែប្រែចិត្ដពិតប្រាកដ – ការបោះពុម្ពផ្សាយឆ្នាំ២០១៥

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«រួចមានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ» (ម៉ាថាយ ១៨:៣)។

១. ទីមួយ អ្នកមកក្រុមជំនុំសំរាប់មូលហេតុផ្សេងៗ អ្នកមិនប្រែចិត្ដជឿនោះទេ។

២. ទីពីរ អ្នកចាប់ផ្ដើមដឹងថា មានព្រះពិតមែន។ នេហេមា ១:៥; ហេព្រើរ ១១:៦។

៣. ទីបី អ្នកយល់ដឹងថា ព្រះមានសេចក្ដីខ្ញាល់ចំពោះអំពើបាបរបស់អ្នក។ រ៉ូម ៨:៨; ២:៥; ទំនុកដំកើង ៧:១១។

៤. ទីបួន អ្នកព្យាយាមខំរកសេចក្ដីសង្រ្គោះរបស់អ្នក ឬព្យាយាមរៀន ដើម្បីបានសង្រ្គោះ។ អេសាយ ៥៣:៣; លោកុប្បត្ដិ ៣:៧, ៨; ២ធីម៉ូថេ ៣:៧។

៥. ទីប្រាំ នៅចុងបញ្ចប់ អ្នកមករកព្រះយេស៊ូវ ហើយជឿទុកចិត្ដលើទ្រង់តែមួយគត់។ កិច្ចការ ១៦:៣១។